ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការបានអញ្ជើញចូលរួមបើកសន្លឹកកិច្ចការបេក្ខជន និងចាប់ផ្តើមធ្វើកំណែ

ក្រសួងមុខងារសាធារណៈ៖ នៅថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជាអនុប្រធានអនុគណកម្មការកំណែសម្រាប់ការប្រឡងក្របខ័ណ្ឌក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមបើកសន្លឹកកិច្ចការបេក្ខជន និងចាប់ផ្តើមធ្វើកំណែក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីបានអញ្ជើញដឹកនាំក្រុមការងារ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នសាមីទាំង៣ និងអង្គភាពពាក់ព័ន្ធ បើកសន្លឹកកិច្ចការរបស់បេក្ខជនដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌ (១)ក្រសួងយុត្តិធម៌ (២)រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង (៣)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាប់ផ្តើមអនុវត្តនីតិវិធីកែសន្លឹកកិច្ចការរបស់បេក្ខជន នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។
ដើម្បីធានាសុក្រឹត្យភាព និងផ្តល់ទំនុកចិត្តខ្ពស់នៅក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជន តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងការអនុវត្តនីតិវិធីនានា គឺស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ(ACU) អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត។








